You are using an outdated browser. For a faster, safer browsing experience, upgrade for free today.
ដំណើរការ...

ប្រាសាទកំពង់ព្រះមានទីតាំងស្ថិតនៅក្នុង ភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ ដើម្បី​ទៅដល់ទីទួលប្រាសាទ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចធ្វើដំណើរស្របតាមបណ្ដោយផ្លូវជាតិ​លេខ៥ ចេញពីក្រុងកំពង់ឆ្នាំង មានចម្ងាយ ៤៤គីឡូម៉ែត្រ។ មកដល់ចំណុចផ្សារពន្លៃ មានផ្លូវបំបែកមួយ​(ច្រមុះ​ជ្រូក)​នៅ​ខាងស្ដាំដៃ ឃើញសាលាស្រុកបរិបូណ៌ រួចបត់តាមផ្លូវនោះជិះទៅត្រង់ ប្រមាណ ៣គីឡូម៉ែត្រ។ យើងនឹងទៅ​ដល់​ទីតាំង​ជាក់ជាមិនខាន។ សូមបញ្ជាក់ផងដែរ នៅរដូវវស្សាយើងអាចធ្វើដំណើរតាមផ្លូវទឹក ដោយជិះទូកឬ​កាណូត នៅរដូវប្រាំងទឹកស្រកវិញ យានយន្តគ្រប់ប្រភេទអាចបើកទៅដល់កន្លែងប្រាសាទ​បាន​យ៉ាងងាយស្រួល​តែម្ដង។ ប្រាសាទកំពង់ព្រះកសាងឡើងនៅលើដីកោះមួយកន្លែង ក្នុងបរិវេណវត្ត ទួលព្រះ​ស្រី​ពិជ័យសូរ្យវង្ស​កំពង់ព្រះ ឬវត្តកំពង់ព្រះ។ នៅទីនោះយើងឃើញមានតួប្រាសាទពីរឈរទន្ទឹមគ្នា យ៉ាងសង្ហា ដែលប្រាសាទទាំងពីរ​នេះ អ្នកស្រុកហៅថា ប្រាសាទប្រុស ប្រាសាទស្រី និងគ្រឹះប្រាសាទ​ទីបីមួយ​ទៀតនៅ​ក្បែរ​នោះ​ដែលរលំបាក់កប់​ទៅក្នុង​ដីបាត់​រូបរាង​ស្ទើរ​តែស្រុងអស់ទៅហើយ។​ ប្រាសាទកំពង់ព្រះសាងសង់អំពី​ថ្មភក់​និងឥដ្ឋក្រហម បែរមុខ​ទៅទិស​ខាងជើង ពោលគឺបែរមុខទៅរកបឹងទន្លេសាប ដែលនៅជិតនោះ​ប្រមាណ តែ ១គីឡូម៉ែត្រប៉ុណ្ណោះ។ បើយើងពិនិត្យទៅលើផ្នែកស្ថាបត្យកម្មប្រាសាទ យើងអាចសន្និដ្ឋាន​បានថា ក្រុម​ប្រាសាទកំពង់ព្រះ កសាងនៅក្នុងសម័យមុនអង្គរ នៅចុងសតវត្សទី៧ ដើមសតវត្សទី៨ ក្នុងរាជព្រះ​មហា​ក្សត្រិយ៍ ព្រះនាងជ័យទេវី ដែលគេដឹងថា ព្រះនាងឡើងសោយរាជ្យពីឆ្នាំ ៦៨១ ដល់ ៧១៣ នៃគ្រិស្តសករាជ ត្រូវជាបុត្រីរបស់ព្រះបាទជ័យវរ្ម័នទី១ (គ.ស ៦៥៧-៦៨១) ស្ថិតក្នុងរចនាប័ទ្មកំពង់ព្រះ សម្រាប់ឩទ្ទិសដល់​លទ្ធិព្រហ្មញ្ញសាសនា។ តួប្រាសាទទី១៖ ប្រាសាទស្រី នៅរក្សារូបរាងបានល្អជាងប្រាសាទប្រុស មានទំហំ ៦គុណនឹង ៥ម៉ែត្រ និងកម្ពស់ ១០ម៉ែត្រ មានទ្វារបញ្ឆោតចំនួនបី បែរទៅទិសខាងកើត លិច និងខាងត្បូង មានក្បាច់ផ្ដែរឆ្លាក់ជា ក្បាច់ផ្កាភ្ញីរាងអ័ក្សដងធ្នូ អមទៅដោយសសរពេជ្រឆ្វេងស្ដាំ និងក្បាច់ផ្សេងៗទៀត​ជាច្រើនផងដែរ។ ក្បាច់ផ្ដែរនៅច្រកចូលប្រាសាទផ្នែកខាងជើងវិញត្រូវបានរបះធ្លាក់សឹករេចរឹលមួយផ្នែកធំ។

តួប្រាសាទទីពីរ ៖ ប្រាសាទប្រុស នៅមិនឆ្ងាយពីប្រាសាទស្រី ចម្ងាយ ៣ម៉ែត្រ បើយើងសង្កេតទៅលើ​តួប្រាសាទ​​ទាំងមូលគឺទ្រុឌទ្រោមខ្លាំងមែនទែន មានទំហំ ៤ម៉ែត្រ ជាការេបួនជ្រុង និងកម្ពស់ប្រហែល ៥ម៉ែត្រ មិនមានបន្សល់ទុកនៅក្បាច់ចម្លាក់អ្វីឡើយក្រៅពីស៊ុមទ្វារដែលប្រឹងទ្រទប់ដោយសសរពេជ្រមួយគូ និងស្លាកស្នាមទ្វារបញ្ឆោតនៅតាមទិសទាំងបី។ តួប្រាសាទទីបី ៖ ប្រាសាទនេះសព្វថ្ងៃនៅសល់តែគ្រឹះ ត្រូវបានមន្រ្តីជំនាញធ្វើកំណាយឃើញអំឡុងពេលកំពុងជុសជុលអភិរក្សប្រាសាទកំពង់ព្រះនេះ និងបានរៀបចំ ធ្វើដំបូលប្រកស័ង្ខសីគ្របពីលើគ្រឹះប្រាសាទដើម្បីការពារទឹកភ្លៀងកុំឱ្យហូរច្រោះ។ នៅបរិវេណខាងមុខ​ប្រាសាទ​ប្រហែល ២០ម៉ែត្រ យើងឃើញមានគ្រឿងសំណង់តុបតែងប្រាសាទ ជើងទម្របដិមា និងទម្រ​យោនីសម្រាប់តម្កល់សិវលិង្គ ដែលគេយកចេញពីក្នុងប្រាសាទមករៀបទុកចោលនៅក្រោមដើមឈើ។ នៅ​ខាងក្នុងប្រាសាទគេជំនួសមកវិញដោយរូបពុទ្ធបដិមាសម្រាប់គោរពបូជាខាងលទ្ធិពុទ្ធសាសនា។

កន្លែងស្នាក់នៅ

១០៩.៦ គម

ឆាយា

មាន ១០០បន្ទប់

មើលទាំងអស់

កន្លែងបរិភោគ

មើលទាំងអស់

ផ្សារលក់ទំនិញ_វត្ថុអនុស្សាវរីយ៍

មើលទាំងអស់

មណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ និងម៉ាស្សា

មើលទាំងអស់

សហគមន៍ទេសចរណ៍

មើលទាំងអស់

មធ្យោបាយធ្វើដំណើរ

ម៉ូតូ  ឡាន គោយន្តនៅរដូវប្រាំង និងទូក កាណូតនៅរដូវវស្សា

ទំនាក់ទំនង

0.00

  • 5 stars (0%)

    0
  • 4 stars (0%)

    0
  • 3 stars (0%)

    0
  • 2 stars (0%)

    0
  • 1 star (0%)

    0

បញ្ចេញមតិយោបល់

កន្លែងផ្សេងទៀតនៅជិតនេះ

១០១.០ គម

វិមានឈ្នះ ឈ្នះ

វិមានឈ្នះ​ ឈ្នះ ត្រូវបានកសាងឡើងក្នុងន័យរំលឹកនូវប្រ...

មើលទាំងអស់