សហគមន៍អេកូ-ទេសចរណ៍ កោះផ្តៅ ចម្ងាយ ៤១គ.ម ពីខេត្តក្រចេះ កោះផ្តៅ និងសំភិន គឺជាភូមិពីរក្នុងចំណោមភូមិដ៏ទៃទៀតដែលស្ថិតនៅលើកោះរងាវ។ កោះរងាវ ជាកោះមួយដែលវែងជាងគេបំផុតក្នុងចំណោមកោះដ៏ទៃទៀត មានប្រវែង ៤៥គីឡូម៉ែត្រ ស្ថិតនៅតាមបណ្តោយដងទន្លេមេគង្គក្នុងប្រទេសកម្ពុជា។ ភូមិទាំងពីរនេះស្ថិតនៅក្នុង ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ តាមបណ្តោយដងទន្លេមេគង្គភាគខាងជើងចម្ងាយប្រមាណ ៤១គីឡូម៉ែត្រ ពីរួមខេត្តក្រចេះ។ ដើម្បីទៅដល់ភូមិនេះអ្នកធ្វើដំណើរត្រូវធ្វើដំណើរតាមផ្លូវគោកប្រវែងប្រមាណ ៣៥គីឡូម៉ែត្រ ពីទីរួមខេត្តក្រចេះទៅកាន់ស្រុកសំបូរ និងបន្តដំណើរតាមទូកពីស្រុកសំបូរទៅភូមិទាំងពីរខាងលើចម្ងាយ ៦គីឡូម៉ែតទៀត។
កោះផ្តៅ និងសំភិន ជាភូមិរបស់ប្រជាជនដើមកំណើតខ្មែរ រស់នៅតាមបែបទំនៀមទំលាប់បុរាណ បច្ចុប្បន្នមានប្រជាជនសរុបចំនួន ៤២៧គ្រូសារ ស្មើនឹង២,១៦៩នាក់ ស្រីចំនួន ១,១១៣នាក់ (ទិន្នន័យឆ្នាំ២០១៥)។ ជាទូទៅប្រជាជនរស់នៅដោយពឹងផ្អែកលើមុខរបរកសិកម្មតាមបែបយថាផលដើម្បីចិញ្ចឹមជីវិតដូចជា៖ ធ្វើស្រែ នេសាទត្រី ចិញ្ចឹមសត្វជ្រូក មាន់ ទា គោ ក្របី ដាំបន្លែ ធ្វើកម្មករ និងដំណាំតាមរដូវកាលផ្សេងៗទៀត។
សក្តានុពលទេសចរណ៍ ៖ នៅក្នុងតំបន់នេះសំបូរទៅដោយធនធានធម្មជាតិដូចជា សត្វផ្សោតទន្លេមេគង្គ ព្រៃឈើ ទន្លេ ព្រែក អូរ សត្វព្រៃ សត្វស្លាប និងត្រីជាច្រើនប្រភេទរបស់ទន្លេមេគង្គ។ ចំណែកឯធនធានវប្បធម៌វិញមានដូចជា ពិធីបុណ្យចូលឆ្នាំ ពិធីសែនព្រេន ឡើងអ្នកតា ភ្លេងបុរាណ មន្តអាគម និងអាពាហ៍ពិពាហ៍ជាដើម។ ក្រៅពីនេះប្រជាជនក្នុងតំបន់នេះមានវប្បធម៌ដ៏ល្អ គឺការចេះជួយគ្នាទៅវិញទៅមក មិនប្រកាន់បក្សពួក រួសរាយរាក់ទាក់ភ្ញៀវ មានសុជីវធម៌ មិនកេងបន្លំគ្នាដែលជាគំរូដ៏ល្អ។
សកម្មភាពទេសចរ ៖ ភ្ញៀវទេសចរអាចជិះទូកទស្សនាសត្វផ្សោត និងសត្វស្លាបច្រើនប្រភេទ មើលទេសភាពថ្ងៃលិចតាមមាត់ទន្លេរ ជិះម៉ូតូឌុបសហគមន៍ ជួលកង់ជិះទស្សនាសហគមន៍ ចូលរួមសកម្មភាព ជីកស្រះត្រី ស្រះកង្កែប ធ្វើទ្រុងមាន់ ទា និងសកម្មភាពដាំដុះផ្សេងៗ នៅទីនោះក៏មានផ្ទះស្នាក់ និងម្ហូបអាហារ ដែលចំអិនដោយប្រជាសហគមន៍ផងដែរ។
សម្រាប់ព័ត៌មានបន្ថែម៖
លោក ព្រុំ សារិន ប្រធានសហគមន៍អេកូទេសចរណ៍កោះផ្តៅ
ទូរសព្ទលេខ៖ ០៨៨ ៣៣ ៦៦ ៩៦០
សម្រាប់ព័ត៌មានបន្ថែម៖
លោក ព្រុំ សារិន ប្រធានសហគមន៍អេកូទេសចរណ៍កោះផ្តៅ
ទូរសព្ទលេខ៖ ០៨៨ ៣៣ ៦៦ ៩៦០
5 stars (0%)
4 stars (0%)
3 stars (0%)
2 stars (0%)
1 star (0%)