ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តី បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីតែងតាំងឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រី្តក្រសួងទេសចរណ៍ ជាសមាជិកនៃបណ្ឌិតសភាទេសចរណ៍អឺរ៉ុប រួមជាមួយឯកឧត្តមសាស្រ្តាចារ្យបណ្ឌិតអានតុន ការ៉ហ្កា (Anton Caragea ) ប្រធានក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរុប នៅអគារមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្រ្តី។
បណ្ឌិតសភាទេសចរណ៍អឺរ៉ុប (European Tourism Academy ) គឺជាស្ថាប័នឯករាជ្យមួយនៅក្នុងទ្វីបអឺរ៉ុប ដែលត្រូវបានបង្កើតឡើងដើម្បីធ្វើការវាយតម្លៃបេក្ខភាពនៃទីក្រុងមួយចំនួនសម្រាប់ជាទីក្រុងគោលដៅទេសចរណ៍ដ៏ល្អបំផុតឬជាទីក្រុងពីភពលោកនៃទេសចរណ៍ និងវប្បធម៌។