ប្រាសាទអង្គរវត្តរបស់កម្ពុជាបានទទួលចំណាត់ថ្នាក់ លេខ១ ជាសំណង់ប្រវត្តិសាស្រ្តដ៏អស្ចារ្យបំផុតលើពីភពលោកសម្រាប់ឆ្នាំ២០១៨ ក្នុងចំណោមសំណង់បុរាណទាំង២៥ ដោយទីភ្នាក់ងារប្រឹក្សាយោបល់លើការធ្វើដំណើរ (TripAdvisor)។ដែលនេះជាការបញ្ជាក់ថា ពិភពលោកនៅតែសាទរចំពោះសំណង់អច្ចរិយរបស់ខ្មែរ។
ឯកឧត្តមរដ្ឋមន្រ្តី ថោង ខុន បានឱ្យដឹងថាការរីកចម្រើននៃវិស័យទេចរណ៍កម្ពុជា ពិតជាមិនអាចកាត់ផ្តាច់ចេញពីការបង្កើនភាពទាក់ទាញរបស់កម្ពុជាជាគោលដៅទេសចរណ៍ដ៏ទាក់ទាញប្រកបដោយគុណភាព ទាំងកម្រិតតំបន់ និងពិភពលោក។
ពីធីប្រគល់ទទួលពានរង្វាន់ខាងលើនេះ ត្រូវបានធ្វើឡើងនៅមុខប្រសាទអង្គរវត្ត នារសៀលថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០១៨ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រី្តក្រសួងទេសចរណ៍
ឯកឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប ឯកឧត្តម សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរា លោកស្រី សារ៉ា ម៉ាធ្យូស៍ ប្រធានTripAdvisor និងមានការចូលរួមពីមន្រ្តីរាជការ មគ្គុទេសក៏ទេសចរណ៍ ប្រជាពលរដ្ឋ រួមទាំងភ្ញៀវទេសចរជាច្រើននាក់។
ក្នុងសន្និសីទសារព័ត៌មានក្រោមពីធីប្រគល់-ទទួលពានរង្វាន់ លោកស្រី សារ៉ា ម៉ាធ្យូស៍ បានលើកឡើងថា ការផ្តល់ចំណាត់ថ្នាក់លេខ១ ដល់ប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា ជាទីសំណង់ប្រវត្តិសាស្រ្តដ៏អស្ចារ្យបំផុតក្នុងឆ្នាំ២០១៨ ធ្វើឡើងតាមរយៈការស្រង់មតិរយៈពេល១២ខែ លើចំណាប់អារម្មណ៍ និងទស្សនៈរបស់អ្នកទេសចររាប់លាននាក់ជុំវិញពិភពលោក កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨។