ប្រាសាទក្រពុំឈូក ស្ថិតនៅប្រហែល ១៥០ម ខាងកើតផ្លូវជាតិលេខ៦២ ក្នុងឃុំរំដោះ ស្រុករវាង ខេត្តព្រះវិហារ ដែលមានចម្ងាយប្រមាណ ៤៥ គ.ម ពី ទីរួមខេត្តព្រះវិហារ។ ប្រាសាទ្រពុំឈូក ដែលសាងសង់ពីថ្មបាយក្រៀម និង ថ្មភក់នេះ ត្រូវបានកសាងឡើងក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ នាចុងស.វទី១២ និងដើមស.វទី១៣ តាមលំនាំរចនាបទបាយ័ន ដើម្បីឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនា។ បច្ចុប្បន្នតួប៉មដែលមានកម្ពស់ប្រមាណ ១២ម៉ែត្រ និងកំពែងព័ទ្ធជុំវិញស្ថិតនៅក្នុងលក្ខណៈល្អបង្គួរ លើកលែងតែគោបុរៈនៅទិសខាងកើត គឺបាក់បែកស្ទើរទាំងស្រុង។ បើផ្អែកតាមការសិក្សារស្រាវជ្រាវពីអ្នកបុរាណវិទ្យា ប្រាសាទក្រពុំឈូក គឺជាសំណង់ប្រាសាទមិនទាន់សម្រេចចប់សព្វគ្រប់ ដោយផ្អែកតាមការធ្វើកំណាយទៅលើតំបន់នៃប្រាសាទទាំងមូលឃើញថា សរសរពេជ្រ ផ្តែរ និងទ្វារចូលទៅក្នុងប្រាសាទ គឺនៅមិនទាន់មានការដាប់ ឬឆ្លាក់រចនាលម្អអ្វីនោះឡើយ។
ភ្ញៀវទេសចរអាចធ្វើដំណើរមកកាន់រមណីយដ្ឋាននេះដោយធម្យោបាយធ្វើដំណើរដូចជា៖ រថយន្ត ទោចក្រយានយន្ត និងត្រីចក្រយានយន្ត។
5 stars (0%)
4 stars (0%)
3 stars (0%)
2 stars (0%)
1 star (0%)