You are using an outdated browser. For a faster, safer browsing experience, upgrade for free today.
ដំណើរការ...

ប្រាសាទឯកភ្នំជារមណីដ្ឋានទេសចរណ៍វប្បធម៌ដែលមានប្រាង្គប្រាសាទបុរាណមួយឈ្មោះថាប្រាសាទឯកភ្នំ មានទីតាំងនៅភូមិ តាគម ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ចំងាយ៧គ​.ម បែកចេញពីផ្លូវខេត្តលេខ P156 ត្រង់ម្ដុំភូមិថ្កូវ ឃុំក្ដុលដូនទាវ ស្រុកឯកភ្នំ ខេត្តបាត់ដំបង​ និងចម្ងាយ១២.២៩គម ពីទីរួមខេត្តបាត់ដំបង។ អ្នកទេសចរអាចធ្វើដំណើដោយមធ្យោបាយ រថយន្ត ម៉ូតូ ប្រើរយៈពេលប្រមាណ២០នាទី។

ប្រវត្តិបា្រសាទឯកភ្នំ

            ប្រាសាទឯកភ្នំត្រូវបានកសាង ឡើងនៅស.វទី១១ ក្នុងឆ្នាំ១០២៧ ក្នុងរាជកាលព្រះបាទសូរ្យវរ្ម័នទី១ (១០០២-១០៥០) នាសម័យមហានគរដើម្បីឧទ្ទិសថ្វាយអាទិទេពនៃព្រហ្មញ្ញសាសនា ។ ប្រាសាទដ៏ចំណាស់នេះមាន ទីធ្លាប្រមាណ ៣០ម៉ែត្រហើយមានថែវព័ទ្ធជុំវិញប្រាសាទ ពីទិសខាងកើត ទៅទិសខាងលិច មានប្រវែង២៥ម៉ែត្រ ហើយពីទិសខាងត្បូង ទៅទិសខាងជើងមានប្រវែង៤៩ម៉ែត្រ មានរាងបួនជ្រុង ស្មើគ្នាធ្វើអំពីថ្មភក់បែរមុខទៅទិសខាងកើត សង់លើខឿនមួយមានពីរថ្នាក់ មានថែវពទ្ធ័ជុំវិញតួប៉មនៃប្រាសាទ និងកំពែងធ្វើពីថ្មបាយក្រៀមហើយមានគូរទឹកព័ទ្ធជុំវិញផង។ ហើយប្រាសាទនេះមានដើមពោធិ៍ ដុះជុំវិញជាច្រើនដើម បង្កើតអោយជាម្លប់ដ៏ត្រឈឹងត្រឈៃ និងខ្យល់ត្រជាក់បរិសុទ្ធ។ រីឯនៅខាងត្បូងប្រាសាទវិញ មាននៅសល់គូរទឹកដែលបច្ចុប្បន្ន បានក្លាយទៅជាស្រះទឹកសំរាប់ព្រះសង្ឃប្រើប្រាស់ជាប្រចាំ។

ចំលាក់

            ប្រាសាទឯកភ្នំនេះគេសង្គេតឃើញមានចម្លាក់ក្បាច់ជាច្រើន មានភាពរស់រវើកគួរអោយចង់ទស្សនានៅសេសសល់ តាមផ្នែកមួយចំនួន ដែលឆ្លុះបញ្ចាំងពីជំនឿក្នុងលិទ្ធិព្រហ្មញ្ញសាសនា យ៉ាងជ្រាលជ្រៅទៀតផង។ ចម្លាក់ទាំងនោះរួមមាន ព្រះឥសូរកំពុងអង្គុយលើយាន្តជំនិះគោនន្ទិនជាមួយមហោសី ព្រះវិស្ណុ ព្រះឥន្ទ្រអង្គុយលើដំរី"រឿងកូរមហាសមុទ្រទឹកដោះ" ដែលបង្ហាញពីតួអង្គជាច្រើនក្រុម មានទេវតា និងពួកយក្សទាញពស់នាគដណ្ដើមយកទឹកអម្រឹតទៅផឹកដើម្បីបានជីវិតអមតៈ។ ហើយប្រាសាទនេះមានសិលាចរិក ដែលនៅនិងមេទ្វាខាងត្បូងមាន១១បន្ទាត់ ៩បន្ទាត់ជាភាសាខ្មែរ រីឯពីរបន្ទាត់ទៀតជាភាសាសំស្រ្កឹត។

សាសនា

            ដោយសារនៅសម័យនោះសាសនាបានផ្លាស់ប្ដូរ ព្រះមហាក្សត្រ នាម៉ឺនសព្វមុខមន្រ្តី និងប្រជាពលរាស្រ្តបាន   ងាកមកគោរពព្រះពុទ្ធសាសនាវិញ ហើយកេរដំណែលក្នុងលិទ្ធិទេវរាជមួយចំនួនត្រូវបានបោះបង់ចោលលេងមានអ្នកចាប់អារម្មណ៍ ដែលជាហេតុនាំអោយខូចខាត ប្រះស្រាំដោយសារធម្មជាតិ ជនទុច្ចរិត និងសង្គ្រាមជាបន្តបន្ទាប់។

អត្ថន័យប្រាសាទ

            ថែវប្រាសាទមានរាងបួនជ្រុង ហើយជ្រុងនីមួយៗមានទ្វារបួនទិស ទិសនោះតំណាងអោយទ្វីបទាំងបួននៅក្នុង         ទស្សនៈព្រហ្មញ្ញសាសនា។ រីឯតួប៉មកណ្ដាលតំណាងអោយភ្នំព្រះសុមេរុ ដែលជាលំនៅដ្ឋានរបស់ពួកអទិទេពទាំងឡាយ។ចំណែកឯគូរទឹកដែលព័ទ្ធជុំវិញប្រាសាទនោះគឺតំណាងអោយមហាសមុទ្រ។

 

វត្តឯកភ្នំ និងរូបបដិមា

            នៅជុំវិញបរិវេណប្រាសាទឯកភ្នំនេះត្រូវបានអាជ្ញាធរ និងអ្នកស្រុកស្រុះស្រួលគ្នាកសាងវត្ត ព្រះវិហារ សម្រាប់ព្រះសង្ឃគង់នៅ ដែលគេអោយឈ្មោះថា វត្តឯក ហើយអ្នកស្រុកជិតឆ្ងាយក៏នាំគ្នាទៅធ្វើបុណ្យសន្សំកុសលជាហូរហែ។ បើតាមប្រសាសន៍របស់ឧបាសិកា ញិប ម៉ៅ អាយុ ៧៥ឆ្នាំរស់នៅភូមិរហាល ឃុំពាមឯក ជាជំនួយការវត្ត ប្រាប់អោយដឹងថា វត្តនេះបានកកើតឡើងដំបូងតាំងពីស.វទី១៨ ពស២៣០០ គ .ស១៧៥៧ ដល់បច្ចុប្បន្នមានរយៈកាល២៦១ឆ្នាំ(២០១៨)។ ដោយសារតែអាយុកាល និងប្រទេសយើងទទួលរងនៅសង្គ្រាមជាច្រើនលើកច្រើនសារ វត្តនេះត្រូវរងនៅការខូចខាត  ជាអន្លើរ។ តមកទៀតជំនាន់លោកព្រះចៅព្រះកោដិព្រះតេជគុណ អ៊ុំ, ព្រុះ​, ម៉ក់, កង ជាដើមបានថែរក្សាវត្តនេះបន្តទៀត ។ ទើបតែនៅឆ្នាំ១៩៩១ ព្រះវិហារនេះបានជួសជុលសារជាថ្មីក្នុងជំនាន់ព្រះចៅអធិការ អៀម ឡុង, ប៉ិច ឈួន, ចក់ ឈុក និងព្រះតេជគុណ ឈួម បូ, ឧបាសិកា គង់ ជីនៅសហរដ្ឋអាមេរិក លោកអាចារ្យ ទូច កាយ, សុន ធូក, ហែម ប្រម, ភិន ណាន់ ព្រមទាំងពុទ្ធបរិស័ទក្នុង និងក្រៅប្រទេសសរុបទឹកប្រាប់ ១៦៥, ២៩៩ ដុល្លាសហរដ្ឋអាមេរិក ។ ហើយវត្តនេះ ត្រូវបានកសាងរួចជាស្ថាពរ និងសម្ពោធបញ្ចុះសីមាជាថ្មីឆ្នាំ ២០០១។ ចំណែករូបបដិមា ដែលនៅខាងជើងព្រះវិហារវិញ ត្រូវបានកសាង នៅឆ្នាំ២០០៣ ដោយព្រះចៅអធិការវត្ត និងប្រជាជន ព្រមទាំងពុទ្ធបរិស័ទ ជិត ឆ្ងាយ ក្នុង និងក្រៅប្រទេស ហើយមានកម្ពស់ប្រមាណ ២៥ ម៉ែត្រ ។

កន្លែងស្នាក់នៅ

មើលទាំងអស់

កន្លែងបរិភោគ

មើលទាំងអស់

ផ្សារលក់ទំនិញ_វត្ថុអនុស្សាវរីយ៍

មើលទាំងអស់

មណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ និងម៉ាស្សា

មើលទាំងអស់

សហគមន៍ទេសចរណ៍

មើលទាំងអស់

មធ្យោបាយធ្វើដំណើរ

រថយន្ត, រ៉ូម៉ក់កង់បី, ម៉ូតូ, កង់

ទំនាក់ទំនង

ភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។​

0.00

  • 5 stars (0%)

    0
  • 4 stars (0%)

    0
  • 3 stars (0%)

    0
  • 2 stars (0%)

    0
  • 1 star (0%)

    0

បញ្ចេញមតិយោបល់

កន្លែងផ្សេងទៀតនៅជិតនេះ

១០.១ គម

ផ្ទះបុរាណ

ផ្ទះបុរាណរបស់លោកយាយ ប៊ុន រឿង បានកសាងឡើងនៅឆ្នាំ១៩២០...

១០.៤ គម

វត្តគរ

មានចម្ងាយប្រមាណ៥០០ម៉ែត្រពីទីរួមខេត្ត ជាកន្លែងវប្បធ...

មើលទាំងអស់